
អគ្គនាយកដ្ឋាន ក.ប.ប. បន្តចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងផលប៉ះពាល់នៃគ្រឿងញៀន ជូនដល់គ្រូ-សិស្ស ក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ដើម្បីចូលរួមចំណែកការពារសុខភាព និងលើកកម្ពស់ចំណេះដឹងរបស់យុវជន ដែលជាទំពាំងស្នងឫស្សីរបស់ជាតិ មន្ត្រីសាខា អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការកេងបន្លំ (ក.ប.ប.) ខេត្តបន្ទាយមានជ័យ នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបន្តចុះយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងផលប៉ះពាល់នៃសេពគ្រឿងញៀន ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជីវករលក់ដូរក្នុងសាលារៀន។ សកម្មភាពអប់រំផ្សព្វផ្សាយនេះ បានធ្វើឡើងនៅក្នុងគ្រឹះស្ថានសិក្សាចំនួន ២ គោលដៅ រួមមាន៖ ១. សាលាបឋមសិក្សាឫស្សីក្រោក ស្ថិតក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ២. អនុវិទ្យាល័យទឹកថ្លា ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងពិធីផ្សព្វផ្សាយទាំង ២ ទីតាំងនេះ មានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជីវករលក់ដូរក្នុងសាលាជាច្រើនរូបផងដែរ ។











