រដ្ឋបាលស្រុកវាលវែង ប្រគល់អំណោយស្បៀង និងគ្រឿងឧបភោគបរិភោគ ជូនកងទ័ពជួរមុខ
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង និងលោកអភិបាលរង រួមជាមួយលោកនាយករដ្ឋបាលស្តីទី ប្រធាន និងអនុប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក បានអញ្ជើញចុះប្រគល់ស្បៀង គ្រឿងឧបភោគបរិភោគ បន្លែ និងនំអន្សម ដែលជាអំណោយសប្បុរសធម៌ទទួលបានពីព្រះចៅអធិការវត្តមួយចំនួនក្នុងស្រុកវាលវែង ជូនដល់វីរជនកងទ័ពជួរមុខ ដែលជាអង្គភាពសហសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលស្រុកវាលវែង នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។
អំណោយស្បៀង និងសម្ភារដែលបានប្រគល់ រួមមាន៖ អង្ករ ៣៥០ គីឡូក្រាម, បន្លែចម្រុះ ១៥០ គីឡូក្រាម, អន្សម ៥០០ ដើម, មីកញ្ចប់ ១១ កេះ, ទឹកផ្លែឈើ ៧ កេះ, ទឹកបរិសុទ្ធ ៤ កេះ, ទឹកបរិសុទ្ធ ៧ យួរ, ទឹកស៊ីអ៊ីវ ១០ យួរ, ទឹកត្រី ២ យួរ, សៀង ១០ គីឡូក្រាម, នឹង ទឹកដោះគោខាប់ ៥ កំប៉ុង។
សកម្មភាពចុះជួបសំណេះសំណាល និងនាំយកអំណោយឧបត្ថម្ភនេះ គឺដើម្បីជាការរួមចំណែកលើកទឹកចិត្ត និងឆ្លើយតបចំពោះការលះបង់ដ៏ធំធេងរបស់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ព្រមទាំងបង្ហាញពីស្មារតីសាមគ្គីភាពរវាងកងទ័ព និងប្រជាជន ក៏ដូចជារវាងអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងកងកម្លាំងការពារជាតិផងដែរ៕ សាយយ័ន្ត វុន្នីយ៉ា
Pursat provincial dept. of information Read More